តើអ្នកសាបព្រោះអ្វី?
នៅសកលវិទ្យាល័យរបស់ខ្ញុំ មានប៉មនាឡិការធំមួយ ដែលនៅលើនោះ មានរូបចម្លាក់ផុសមួយ ដែលគេបានដាក់លម្អ ដែលមានចំណងជើងថា អ្នកសាបព្រោះ។ នៅក្រោមរូបចម្លាក់នោះ គេបានឆ្លាក់បទគម្ពីរកាឡាទី ៦:៧ ដែលចែងថា “ពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ”។ សាកលវិទ្យាល័យរដ្ឋមីឈីហ្គិន នៅតែនាំមុខគេ ក្នុងការស្រាវជ្រាវផ្នែកកសិកម្ម ប៉ុន្តែ ទោះបីជាបច្ចេកទេសនៃការដំាដំណាំ និងផលិតផលកសិកម្មមានការរីកចម្រើនយ៉ាងណាក៏ដោយ ក៏គេមិនអាចធ្វើឲ្យគ្រាប់ពោតបង្កើតផលចេញជាផ្លែសណ្តែកបានឡើយ។
ព្រះយេស៊ូវបានមានបន្ទូលជាពាក្យប្រៀបប្រដូចជាច្រើន អំពីការធ្វើចំការ ដើម្បីពន្យល់អំពីនគរព្រះ។ ក្នុងរឿងប្រៀបប្រដូចអំពីអ្នកព្រោះគ្រាប់ពូជ(ម៉ាកុស ៤) ព្រះអង្គបានប្រៀបប្រដូចព្រះបន្ទូលព្រះ ទៅនឹងគ្រាប់ពូជ ដែលគេបានសាបព្រោះ ក្នុងប្រភេទដីខុសៗគ្នា។ រឿងប្រៀបប្រដូចនេះ បានបង្ហាញថា កសិករម្នាក់នោះ បានព្រោះគ្រាប់ពូជដោយមិនរើសដី ដោយដឹងថា គ្រាប់ពូជខ្លះនឹងធ្លាក់ទៅកន្លែងដែលវាមិនអាចលូតលាស់បាន។
យើងក៏ត្រូវសាបព្រោះគ្រាប់ពូជល្អៗ ដោយមិនរើសទីកន្លែង និងពេលវេលា ដូចដែលព្រះយេស៊ូវបានធ្វើផងដែរ។ ព្រះទ្រង់ជាអ្នកទទួលខុសត្រូវ ចំពោះកន្លែងដែលគ្រាប់ពូជនោះធ្លាក់ចុះ និងចំពោះការលូតលាស់របស់វា។ អ្វីដែលសំខាន់នោះ គឺយើងបានសាបព្រោះគ្រាប់ពូជ។ ព្រះទ្រង់មិនសព្វព្រះទ័យឲ្យយើងទទួលផលផ្លែ ដែលជាសេចក្តីហិនវិនាសឡើយ ដូចនេះ ព្រះអង្គសព្វព្រះទ័យឲ្យយើងសាបព្រោះការអ្វីដែលល្អ ហើយត្រឹមត្រូវ(សុភាសិត ១១:១៨)។ សាវ័កប៉ុលក៏បានប្រើពាក្យប្រៀបប្រដូចនេះផងដែរ ពេលដែលគាត់ដាស់តឿនគ្រីស្ទបរិស័ទកុំឲ្យសាបព្រោះគ្រាប់ពូជនៃសេចក្តីពុករលួយ។ ផ្ទុយទៅវិញ យើងត្រូវសាបព្រោះគ្រាប់ពូជ ដែលនឹងបានផលជាជីវិតអស់កល្បជានិច្ច(កាឡាទី ៦:៨)។
តើយើងត្រូវសាបព្រោះអ្វី? យើងត្រូវសាបព្រោះអ្វី ដែលព្រះសព្វព្រះទ័យ។…
កិច្ចព្រមព្រៀង
មុនពេលខ្ញុំព្រមទទួលសេវ៉ាកម្ម ពីក្រុមហ៊ុនណាមួយ តាមប្រព័ន្ធអ៊ីនធើណែត ខ្ញុំកម្រអានកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុននោះណាស់។ កិច្ចព្រមព្រៀងនោះមានច្រើនទំព័រ ហើយប្រើសុទ្ធតែពាក្យបច្ចេកទេសច្បាប់ ដែលភាគច្រើន ពិបាកឲ្យមនុស្សសាមញ្ញដូចខ្ញុំយល់។
ហេតុនេះហើយបានជាខ្ញុំមានការភ្ញាក់ផ្អើល ពេលដែលមិត្តភក្តិរបស់ខ្ញុំម្នាក់មកពីអាហ្រ្វិក បានឲ្យខ្ញុំអានកិច្ចព្រមព្រៀងដ៏ចម្លែក របស់សេវ៉ាកម្មលក់កម្មវិធីកំព្យូទ័រតាមប្រព័ន្ធអ៊ីនធើណែត។ កិច្ចព្រមព្រៀងនោះមិនបានប្រើពាក្យបច្ចេកទេសដែលពិបាកយល់នោះទេ តែផ្ទុយទៅវិញ ក្នុងកិច្ចព្រមព្រៀងនោះ អ្នកផលិតកម្មវិធីកំព្យូទ័រនោះបានជូនពរ ដោយលើកទឹកចិត្តគេឲ្យប្រើកម្មវីធីរបស់គាត់ ឲ្យមានប្រយោជន៍ យ៉ាងដូចនេះថា
“សូមលោកប្រើកម្មវិធីនេះ ដើម្បីធ្វើការល្អ មិនមែនធ្វើការអាក្រក់ឡើយ។ សូមលោកអ្នករកឃើញការអត់ទោសសម្រាប់ខ្លួនឯង និងអត់ទោសឲ្យអ្នកដទៃ។ សូមចែករំលែក ដោយចិត្តជ្រះថ្លា ហើយមិនត្រូវចង់បានអ្វីពីអ្នកដទៃ លើសពីអ្វីដែលខ្លួនបានឲ្យគេនោះឡើយ”។
គ្រាន់តែបានមើលកិច្ចព្រមព្រៀងនោះភ្លាម ខ្ញុំក៏បាននឹកស្រមៃថា បើសិនជាកិច្ចព្រមព្រៀងនៃសេវ៉ាកម្មជាច្រើនទៀត ត្រូវបានគេសរសេរជាពាក្យជូនពរ ជាជាងធ្វើជាឯកសារផ្នែកច្បាប់ មិនដឹងជាប្រសើរយ៉ាងណាទេ ។ បន្ទាប់មក ខ្ញុំក៏បាននឹកចាំថា កិច្ចព្រមព្រៀងដែលព្រះយេស៊ូវបានធ្វើជាមួយយើង ក៏មានលក្ខណៈសាមញ្ញ និងល្អដូចនេះផងដែរ។ ព្រះអង្គបានយល់ព្រមប្រទានការអត់ទោសបាប ផ្សះផ្សាយើងឲ្យជានឹងព្រះ ហើយប្រទាននូវព្រះវិញ្ញាណបរិសុទ្ធដល់យើង។ ហើយព្រះអង្គសព្វព្រះទ័យឲ្យយើងឆ្លើយតបវិញ ដោយព្រមទទួលជឿព្រះអង្គ(យ៉ូហាន ៣:១៦) ធ្វើការល្អ(កាឡាទី ៦:១០) អត់ទោសឲ្យគេ ដូចដែលព្រះអង្គបានអត់ទោសឲ្យយើងដែរ(លូកា ៦:៣៧) និងស្រឡាញ់អ្នកដទៃ ដូចដែលព្រះអង្គបានស្រឡាញ់យើង(យ៉ូហាន ១៣:៣៤)។
កិច្ចព្រមព្រៀង ដែលព្រះយេស៊ូវបានធ្វើជាមួយយើង ងាយស្រួលអាន ហើយយើងអាចធ្វើបាន ដោយពឹងផ្អែកលើព្រះអង្គ…
តើមាននរណាច្រៀងទេ?
មានពេលមួយ លោកគ្រីស ហាដហ្វៀល(Chris Hadfield) ដែលជាអាកាសយានិកជនជាតិកាណាដា និងជាមេបញ្ជាការនៃស្ថានីយអវកាសអន្តរជាតិ បានចូលរួមនៅក្នុងការច្រៀង ជាមួយនឹងសិស្សសាលាមួយក្រុម ដែលកំពុងនៅក្នុងស្ទូឌីយ៉ូមួយ នៅផែនដី ខណៈពេលដែលគាត់កំពុងស្ថិតនៅក្នុងស្ថានីយអវកាស ដែលមានកំពស់៣២១គីឡូម៉ែត្រពីផែនដី។ ពួកគេបានច្រៀងជាមួយគ្នា នូវបទ “តើមាននរណាច្រៀងទេ” ដែលជាស្នាដៃនិពន្ធរួមរបស់លោកហាដហ្វៀល ជាមួយនឹងលោកអេឌ រ៉ូមបឺតសិន(Ed Robertson)។
ក្នុងបទចម្រៀងនោះ ខ្ញុំបានចាប់អារម្មណ៍នឹងឃ្លាមួយ ដែលគេច្រៀងថា “អ្នកមិនអាចដាក់ព្រំប្រទល់ នៅលើទីអវកាសបានឡើយ”។ មនុស្សនៅលើផែនដី បានគូសខ្សែបន្ទាត់ព្រំដែនជាច្រើន ដើម្បីញែកខ្លួនចេញពីគ្នា ដោយមានជាតិសាសន៍ ប្រទេស និងមនោគមវិជ្ជាផ្សេងគ្នា ប៉ុន្តែ បទចម្រៀងនេះបានរំឭកខ្ញុំថា ព្រះអង្គមិនបានសព្វព្រះទ័យឲ្យយើងមានការបែងចែកគ្នាដូចនេះទេ។ អ្វីដែលសំខាន់នោះ គឺព្រះអង្គសព្វព្រះទ័យឲ្យយើងស្រឡាញ់ព្រះអង្គ និងស្រឡាញ់គ្នាទៅវិញទៅមក(ម៉ាកុស ១២:៣០-៣១)។
ព្រះអង្គជាឪពុកដែលមានក្តីស្រឡាញ់ ដូចនេះ ព្រះអង្គសព្វព្រះទ័យឲ្យក្រុមគ្រួសាររបស់ព្រះអង្គ មានការរួបរួមគ្នាតែមួយ។ យើងមិនអាចសម្រេចកិច្ចការដែលព្រះអង្គឲ្យយើងធ្វើបានឡើយ បើសិនជាយើងបដិសេធមិនព្រមផ្សះផ្សាគ្នា។ នៅពេលយប់ មុនពេលគេយកព្រះអង្គទៅឆ្កាង ព្រះអង្គបានទូលអង្វរដល់ព្រះវរបិតា សូមឲ្យអ្នកដើរតាមព្រះអង្គមានការរួបរួមគ្នា។ គឺដូចដែលព្រះអង្គបានអធិស្ឋានថា “ឱព្រះវរបិតាអើយ ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ គឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយ នៅក្នុងយើង”(យ៉ូហាន ១៧:២១)។
ការច្រៀងរួមគ្នា បង្ហាញអំពីការរួបរួម ដោយមានទំនុកចម្រៀង ទំនុកភ្លេង និងចង្វាក់តែមួយ។ ការច្រៀងក៏អាចលើកកម្ពស់ការរួបរួម …
បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ
គេចូលចិត្តនិយាយថា “ពេលដែលយើងសប្បាយរីករាយ ជាពេលដែលកន្លងផុតទៅលឿនណាស់”។ តាមពិតពេលវេលានៅតែមានល្បឿនថេរជានិច្ច មិនមែនម្តងដើរយឺត ម្តងហោះហើរនោះទេ ប៉ុន្តែ តាមបទពិសោធន៍របស់យើង យើងច្រើនតែយល់ថា ពេលវេលាហាក់ដូចជាកន្លងផុតទៅលឿនណាស់។ ពេលដែលខ្ញុំកំពុងសប្បាយនឹងកិច្ចការអ្វីមួយ ឬអរសប្បាយនឹងមនុស្សជាទីស្រឡាញ់ ពេលវេលាហាក់ដូចជាលឿនណាស់។
បទពិសោធន៍ប្រភេទនេះ បានធ្វើឲ្យខ្ញុំមានការយល់ដឹងថ្មីមួយ អំពីព្រឹត្តិការណ៍ដែលបទគម្ពីរវិវរណៈ ជំពូក៤ បានរៀបរាប់។ កាលពីមុន ពេលខ្ញុំពិចារណា អំពីសត្វទាំងបួន ដែលអង្គុយនៅជុំវិញបល្ល័ង្កព្រះ ដែលពោលពាក្យពីរបីម៉ាត់ដដែលៗរហូតអស់កល្បជានិច្ច ខ្ញុំក៏បានគិតថា សត្វទាំងនោះពិតជាមានជីវិតដែលគួរឲ្យធុញទ្រាន់មែន! តែសព្វថ្ងៃនេះ ខ្ញុំមិនគិតអញ្ចឹងទៀតទេ។ ព្រោះខ្ញុំបានគិតអំពីព្រឹត្តិការណ៍ដែលសត្វទាំងនោះ បានឃើញដោយភ្នែកជាច្រើនគូររបស់ពួកវា(ខ.៨)។ ខ្ញុំក៏បានពិចាណាអំពីទិដ្ឋភាព ដែលពួកគេបានមើលឃើញ ពីបល្ល័ង្ករបស់ព្រះ(ខ.៦)។ តើពួកគេមានចិត្តស្ងើចសរសើរយ៉ាងណា ចំពោះព្រះដ៏ខ្ពស់បំផុត ដែលមានទំនាក់ទំនងជាមួយមនុស្សលោក ដោយប្រាជ្ញា និងសេចក្តីស្រឡាញ់? តើសត្វទាំងនោះអាចមានការឆ្លើយតបអ្វី ដែលប្រសើរជាងការសរសើរដំកើងទៀតនោះ? តើមានអ្វីដែលត្រូវនិយាយ ក្រៅពីពោលថា “បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ”?
តើយើងមានការធុញទ្រាន់ទេ បើសិនជាយើងត្រូវនិយាយពាក្យដដែលៗឥតឈប់ឈរនោះ? តែបើសិនជាយើងនៅចំពោះមុខអ្នកដែលយើងស្រឡាញ់ នោះយើងមិនចេះធុញទ្រាន់ឡើយ។ ហើយបើសិនជាយើងកំពុងធ្វើការល្អណាមួយ ដែលព្រះអង្គបានតម្រូវឲ្យយើងធ្វើការនោះ នោះយើងក៏នឹងមិនមានការធុញទ្រាន់ដែរ។
ព្រះទ្រង់បានរចនាយើងមក ឲ្យសរសើរដំកើងព្រះអង្គ គឺមិនខុសពីសត្វទាំងបួននោះទេ។ ជីវិតយើងនឹងមិនមានការធុញទ្រាន់ឡើយ បើសិនជាយើងផ្តោតចិត្តទៅលើព្រះអង្គ ហើយបំពេញបំណងព្រះទ័យព្រះអង្គនោះ។-Julie Ackerman Link
កិច្ចការដែលដៃយើងធ្វើ
ពេលខ្ញុំកំពុងធ្វើដំណើរតាមរថភ្លើង កាត់តាមទីវាលដ៏មានជីជាតិ នៅតាមបណ្តោយឆ្នេរនៃតំបន់មីឈីហ្គិនខាងលិច ខ្ញុំបានឃើញរុក្ខជាតិទាំងឡាយបានចាប់ផ្តើមចេញផ្លែ បន្ទាប់ពីរដូវផ្ការីកទើបតែបានប្រែទៅជារដូវក្តៅ។ កសិករកំពុងលត់ជង្គង់នៅលើទឹកសន្សើមនាពេលព្រឹក ដើម្បីបេះផ្លែស្រ្តបឺរីដែលបានទំហើយ។ ដើមប្លូបឺរី ដែលដុះជាគុម្ពៗ កំពុងតែទទួលពន្លឺថ្ងៃដែលបានបញ្ចេញពីលើមេឃមក ហើយកំពុងស្រូបយកជីវជាតិពីក្នុងដី។ បន្ទាប់ពីធ្វើដំណើរកាត់តាមចំការ ដែលមានផ្លែឈើទុំ យើងក៏បានទៅដល់គំនរច្រេះចាប់ ដែលមានលោហធាតុដែលគេបោះបង់ចោល។ រូបភាពដ៏អាក្រក់នៃដែកច្រេះពណ៌ក្រហមមួយគំនរធំនៅលើដី គឺផ្ទុយពីទេសភាពចំការពណ៌បៃតងខ្ចី ដែលមានរុក្ខជាតិលូតលាស់។ ដែកច្រេះចាប់ទាំងនោះត្រូវគេទុកចោលមិនអាចបង្កើតផលអ្វី តែផ្ទុយទៅវិញ ផ្លែឈើដែលបានធំឡើង ហើយទុំ បានក្លាយជាអាហារដ៏មានជីវជាតិសម្រាប់មនុស្សដែលស្រេកឃ្លាន។
ភាពខុសគ្នារវាងផ្លែឈើ និងដែកច្រេះចាប់នោះ បានធ្វើឲ្យខ្ញុំនឹកចាំអំពីបទទំនាយ ដែលព្រះបានមានបន្ទូល អំពីទីក្រុងទាំងឡាយ ដែលមានដូចជាទីក្រុងដាម៉ាសជាដើម(មើល អេសាយ ១៧:១,១១)។ ព្រះអង្គមានបន្ទូលថា “ពីព្រោះឯងបានភ្លេចព្រះដែលជួយសង្គ្រោះឯង … ព្រឹកឡើង ឯងបានធ្វើឲ្យពូជឯងបែកចេញជាប៉ិច តែឯចម្រូតវិញ នោះនឹងរំលងបាត់ទៅក្នុងគ្រាមានទុក្ខវេទនា ហើយសង្រេងយ៉ាងសហ័ស”(ខ.១០-១១)។
បទទំនាយនេះក៏បានផ្តល់ការដាស់តឿនដល់មនុស្សសម័យបច្ចុប្បន្ន អំពីគ្រោះថ្នាក់ និងភាពឥតប្រយោជន៍នៃការគិតថា យើងអាចបង្កើតផលផ្លែអ្វីមួយ ដោយខ្លួនឯងបាន។ បើយើងដាច់ចេញចេញពីព្រះ នោះកិច្ចការដែលដៃយើងបានធ្វើ នឹងក្លាយជាគំនរបាក់បែក។ ប៉ុន្តែ ពេលដែលយើងចូលរួមជាមួយព្រះ នៅក្នុងកិច្ចការ ដែលព្រះហស្តព្រះអង្គធ្វើ ព្រះអង្គនឹងប្រទានពរឲ្យយើងបានទទួលផលច្រើនជាពហុគុណ ហើយផ្តល់នូវការចំអែតខាងវិញ្ញាណដល់មនុស្សជាច្រើន។-Julie Ackerman Link
“គ្មានមេត្តា”
មានពេលមួយ ខ្ញុំបានជួបរឿងគួរឲ្យរំខាន់ នៅពេលព្រឹកថ្ងៃអាទិត្យ។ ខ្ញុំបានដាក់សម្ភារៈចូលទៅក្នុងឡាន សម្រាប់ប្រើនៅព្រះវិហារ តាមដែលចាំបាច់ រួចខ្ញុំក៏បានចូលអង្គុយ ទាញទ្វារបិទ ហើយក៏បើកថយក្រោយ ចេញពីកន្លែងដាក់ឡាន។ ពេលដែលខ្ញុំមិនទាន់បានអង្គុយបើកបរស្រួលបួលផង ឡានរបស់ខ្ញុំបន្លឺសម្លេងរោទ៍ឲ្យខ្ញុំដឹងថា ខ្ញុំបានភ្លេចពាក់ខ្សែក្រវ៉ាត់ហើយ។ ខ្ញុំមិនទាន់ចង់ពាក់ខ្សែក្រវ៉ាត់ភ្លាមៗទេ គឺចង់ពន្យាពេលមួយនាទីទៀត។ តែឡានរបស់ខ្ញុំនៅតែមិនព្រមឲ្យខ្ញុំពន្យាពេល ទាល់តែខ្ញុំពាក់ខ្សែក្រវ៉ាត់ហើយ ទើបវាឈប់រោទ៍។ ដូចនេះ ឡានរបស់ខ្ញុំពិតជាគ្មានការលើកលែងមែន។
យ៉ាងណាមិញ ការរំខានដ៏តូចនេះក៏បានក្រើនរំឭកយើងផងដែរថា ជីវិតយើងនឹងទៅជាយ៉ាងណា បើសិនព្រះគ្មានព្រះគុណ ដែលលើកលែងទោសបាបឲ្យយើងទេនោះ។ បើសិនជាគ្មានព្រះគុណទេ នោះយើងរាល់គ្នានឹងត្រូវទទួលការជំនុំជម្រះ សម្រាប់អំពើបាបទាំងអស់ដែលយើងមាន។ បើគ្មានព្រះគុណរបស់ព្រះទេ នោះយើងក៏គ្មានឱកាសសារភាពបាប ឬកែប្រែអត្តចរិកដែរ ហើយក៏គ្មានការអត់ទោសបាប សេចក្តីមេត្តាករុណា និងក្តីសង្ឃឹមឡើយ។
ជួនកាល ការរស់នៅក្នុងលោកិយនេះ ប្រៀបបាននឹងការធ្លាក់ចូលទៅក្នុងរណ្តៅដ៏សែនជ្រៅ ដែលគ្មានមេត្តា។ តាមធម្មតា យើងមានអារម្មណ៍ថាខ្លួនឯងមានកំហុស ដែលជាបន្ទុកដ៏ធ្ងន់ ពេលដែលកំហុសដ៏តូចត្រូវគេបំប៉ោងឲ្យក្លាយជាធំ ឬពេលដែលគេមិនព្រមមើលរំលងកំហុសដ៏តូចរបស់យើង។ ប៉ុន្តែ ព្រះដែលប្រកបដោយព្រះគុណ បានចាត់ព្រះយេស៊ូវឲ្យយាងចុះមកទទួលបន្ទុកជួសយើង។ អ្នកដែលទទួលអំណោយនៃព្រះគុណព្រះ មានអភ័យឯកសិទ្ធិ នៅក្នុងការនាំអ្នកដទៃ ឲ្យទទួលអំណោយនៃព្រះគុណ។ គឺដូចដែលមានសេចក្តីចែងថា “មុនដំបូងបង្អស់ ត្រូវឲ្យអ្នករាល់គ្នាមានសេចក្តីស្រឡាញ់គ្នា ឲ្យអស់ពីចិត្ត ដ្បិតសេចក្តីស្រឡាញ់នឹងគ្របបាំងអំពើបាបជាអនេកអនន្ត”(១ពេត្រុស ៤:៨)។-Julie Ackerman Link
សសៃព្រះលោហិតរបស់ព្រះ
ពេលខ្ញុំទៅទស្សនាតំបន់ខុតស៍វូលដ៍ ដែលមានទេសភាពដ៏ស្រស់ស្អាត នៅប្រទេសអង់គ្លេស ខ្ញុំបានទិញពែងទឹកព័រសឺឡែនមួយចំនួន សម្រាប់ធ្វើជាវត្ថុអនុស្សាវរីយ។ ខ្ញុំបានប្រើពែងទឹកទាំងនោះយ៉ាងប្រុងប្រយ័ត្ន តែទីបំផុត ខ្ញុំបានធ្វើឲ្យពែងទឹកមួយធ្លាក់បែក ក្នុងកន្លែងលាងចាន។ ថ្មីៗនេះ ខ្ញុំបាននឹកគិតអំពីពែងទឹកមួយនោះ ពេលដែលខ្ញុំបានស្វែងយល់អំពីសិល្បៈនៃការជួសជុលពែងរបស់ជនជាតិជប៉ុន។ តាមធម្មតា ពេលយើងមានរបស់អ្វីមួយបែកបាក់ យើងមានចិត្តសប្បាយនឹងជួសជុលវា ល្មមនឹងអាចប្រើវាទៀត។ ប៉ុន្តែ កាលពីរាប់រយឆ្នាំមុខ មានសិល្បៈករជប៉ុនម្នាក់បានតាំងចិត្តថា គាត់នឹងជួសជុលព័រសឺឡែន ដែលបែកបាក់ ឲ្យក្លាយជាវត្ថុដ៏ស្រស់ស្អាត។ ដូច្នេះហើយ គាត់ក៏បានចាប់ផ្តើមប្រើកាវដែលមានជាតិមាស បិទបំណែកនីមួយៗឲ្យចូលគ្នាវិញ។ ការជួសជុលព័រសឺឡែនតាមវិធីសាស្រ្តនេះ បានធ្វើឲ្យព័រសឺឡែននោះមានសសៃពណ៌មាសដ៏គួរឲ្យគយគន់។
ក្នុងដើមដំបូងនៃប្រវត្តិសាស្រ្តមនុស្សជាតិ អំពើបាបបានចូលមកក្នុងលោកិយ(លោកុប្បត្តិ ៣)។ អ្នកប្រាជ្ញផ្នែកទេវវិជ្ជា បានហៅហេតុការណ៍នោះថា “ការធ្លាក់ចូលក្នុងអំពើបាប”។ ការធ្លាក់ចូលនេះបានបណ្តាលឲ្យមានការបែកបាក់ ដោយជៀសមិនរួច។ ជីវិតរបស់មនុស្សមានការឈឺចាប់ ដោយសារយើងចេះតែបន្តមានការឈឺចាប់ និងធ្វើឲ្យអ្នកដទៃមានការឈឺចាប់ ដោយបំណែកដ៏មុតស្រួចរឆេករឆូចរបស់យើង។ ប៉ុន្តែ ព្រះមិនសព្វព្រះទ័យឲ្យយើង នៅបន្តរស់ក្នុងភាពបែកបាក់នោះទៀតទេ ហើយការជួសជុលរបស់ព្រះអង្គ ធ្វើឲ្យភាពបែកបាក់របស់យើង ក្លាយជាភាពស្រស់ស្អាតវិញ។
សិល្បៈករអាចជួសជុលពែងព័រសឺឡែនដែលបែក ឲ្យប្រែក្លាយជាវត្ថុដ៏ស្រស់ស្អាត ប៉ុន្តែ ព្រះជួសជុលយើង ឲ្យមានជីវិតថ្មីឡើង ដោយប្រើព្រះលោហិតរបស់ព្រះរាជបុត្រាព្រះអង្គ ដែលមានតម្លៃលើសមាសឬប្រាក់។ ស្នាមបែករបស់យើងមិនត្រូវបានលម្អរដោយសសៃធ្វើពីមាសទេ តែបំណែកនេះត្រូវបានភ្ជាប់ចូលគ្នាវិញ ដោយព្រះលោហិត ដែលបានហូរចេញពីសសៃលោហិតរបស់ព្រះគ្រីស្ទ។ “ដ្បិតបើយើងបានជាប់ជាមួយនឹងទ្រង់ ក្នុងការដែលជាគំរូពីសេចក្តីសុគតរបស់ទ្រង់ នោះក៏នឹងបានជាប់ក្នុងសេចក្តីរស់ឡើងវិញរបស់ទ្រង់ដែរ”(រ៉ូម ៦:៥)។…
សត្វចៀមបែកហ្វូង
មានសត្វចៀមមួយក្បាល ឈ្មោះស្រែគ(Shrek)។ វាបានវង្វេងចេញពីហ្វូង ហើយបាត់អស់៦ឆ្នាំ។ មានមនុស្សម្នាក់បានប្រទះឃើញវា នៅក្នុងរូងភ្នំមួយ ក្នុងតំបន់ខ្ពង់រាប ដែលមានថ្មរដេបរដុប ក្នុងប្រទេសញូហ្សៀឡិន។ ពេលនោះ គាត់មិនបានដឹងថា វាជាសត្វចៀមទេ។ គាត់ថា “វាមានរូបរាង្គដូចសត្វចម្លែកដែលមានចែងក្នុងព្រះគម្ពីរ”។ ជាការពិតណាស់ វាមានចំណុចដែលដូចសត្វចម្លែកមែន។ នេះហើយជាការអ្វីដែលកើតមាន ចំពោះសត្វចៀមដែលវង្វេងចេញពីអ្នកគង្វាលរបស់វា។
គេត្រូវសែងវាចុះពីលើភ្នំមក ព្រោះរោមរបស់វាធ្ងន់ពេក(គឺប្រហែល២៧គីឡូក្រាម)បានជាវាមិនអាចចុះខ្លួនឯងបាន។ ដោយសារវាជាសត្វចៀមដែលគេពិបាកកាត់រោម នោះគេបានចាប់ចងជើងវាព្យួរឡើងលើ ហើយខ្លួនវាត្រូវផ្ងា ដើម្បីឲ្យវានៅស្ងៀម ហើយមិនមុតស្បែក ពេលគេកាត់រោមដ៏ធ្ងន់របស់វាចេញ។
ពេលខ្ញុំគិតអំពីសត្វចៀមមួយក្បាលនេះ ខ្ញុំក៏បាននឹកចាំ អំពីរឿងប្រៀបប្រដូច ដែលព្រះយេស៊ូវបានប្រើ ដើម្បីពន្យល់ថា ព្រះអង្គជាអ្នកគង្វាលល្អ(យ៉ូហាន ១០:១១) ហើយរាស្រ្តរបស់ព្រះអង្គ ជាហ្វូងចៀមរបស់ព្រះអង្គ(អេសេគាល ៣៤:៣១)។ ពេលដែលយើងនៅដាច់ឆ្ងាយពីព្រះអង្គ យើងធ្វើការសម្រេចចិត្តខុសជាច្រើន ហើយយើងក៏ទទួលបន្ទុកកាន់ធ្ងន់ ដោយសារលទ្ធផលនៃការសម្រេចចិត្តខុសនោះ(អេសេគាល ៣៣:១០) គឺមិនខុសពីសត្វចៀមដែលវង្វេងមួយក្បាលនោះឡើយ។ ដើម្បីដោះបន្ទុកនោះចេញ យើងត្រូវថ្វាយបន្ទុកនោះទៅព្រះអង្គ រួចទទួលយកការសម្រាកពីព្រះអង្គ។ ទាល់តែបែបនេះ ទើបយើងអាចនៅស្ងៀម ហើយទុកឲ្យអ្នកគង្វាលដ៏ល្អ ធ្វើកិច្ចការរបស់ព្រះអង្គ ដោយមិនធ្វើឲ្យយើងឈឺចាប់។-Julie Ackerman Link
រូបភាពនៅជ្រុងផ្សេងទៀត
អស់រយៈពេល៣ខែមកហើយ ដែលខ្ញុំមានឱកាសអង្គុយទស្សនាស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ យ៉ាងជក់ចិត្ត។ អ្នកបច្ចេកទេសបានដំឡើងកាំមីរ៉ាអ៊ីនធឺណិត នៅកំពស់២៧ម៉ែត្រ ពីលើសួនច្បាររុក្ខសាស្ត្រន័រហ្វូក ដោយផ្តោតទៅលើសំបុក្ររបស់សត្វឥន្រ្ទីក្បាលរលីងមួយសំបុក្រសម្រាប់ឲ្យគេទស្សនាសំបុក្រសត្វឥន្ទ្រីនោះ តាមអ៊ីនធឺណិត។
គេអាចទស្សនាតាមអ៊ីនធឺណិត ឃើញកូនឥន្រ្ទីញាស់ ហើយឃើញសត្វឥន្រ្តីមេ និងបាមើលថែរកូនរបស់វា យ៉ាងប្រុងប្រយ័ត្ន ដោយដាក់វេណគ្នារកចំណី និងការពារសំបុក្ររបស់វា។ ប៉ុន្តែ ថ្ងៃមួយ ពេលដែលកូនឥន្រ្ទីនៅមានរូបរាង្គដូចដុំរោម ដែលមានចំពុះ មេបារបស់វាក៏បានបាត់មិនដឹងទៅណា។ ពេលនោះ ខ្ញុំបារម្ភខ្លាចពួកវាមានគ្រោះថ្នាក់។ តាមពិត ខ្ញុំចេះតែបារម្ភ ដោយគ្មានមូលដ្ឋានច្បាស់លាស់។ ពេលអ្នកបញ្ជាកាំមីរ៉ា បានពង្រីកមំរបស់កាំមីរ៉ានោះ ខ្ញុំក៏បានឃើញមេឥន្ទ្រីកំពុងទំនៅលើមែកឈើ ដែលនៅក្បែរសំបុក្រ។
ពេលដែលខ្ញុំពិចារណាអំពីរូបភាពនៃសត្វឥន្ទ្រី ដែលខ្ញុំមិនអាចមើលឲ្យបានគ្រប់ជ្រុងជ្រោយ ខ្ញុំក៏បាននឹកចាំអំពីពេលដែលខ្ញុំខ្លាចព្រះបោះបង់ខ្ញុំចោល។ ទិដ្ឋភាព នៅលើទីខ្ពស់ ក្នុងព្រៃនៃរដ្ឋវើជីនាបានរំឭកខ្ញុំថា ខ្ញុំមិនបានមើលឃើញរូបភាពគ្រប់ជ្រុងឡើយ ពោលគឺអាចមើលឃើញតែផ្នែកដ៏តូច នៃទេសភាពទាំងមូល។ យ៉ាងណាមិញ លោកម៉ូសេបានពិពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះ ដោយធ្វើការប្រៀបប្រដូចនឹងសត្វឥន្ទ្រី។ ដែលសត្វឥន្ទ្រីហើរត្រដាងស្លាប ទទួលកូននៅលើចំអេងជាយ៉ាងណា នោះព្រះក៏បានទ្ររាស្រ្តរបស់ព្រះអង្គ មិនឲ្យពួកគេជួបភាពហិនវិនាសឡើយ(ចោទិយកថា ៣២:១១-១២)។ ទោះយើងមានអារម្មណ៍ថា ព្រះអង្គហាក់ដូចជានៅឆ្ងាយពីយើងយ៉ាងណាក៏ដោយ ក៏តាមពិត ព្រះអង្គ “មិនគង់នៅឆ្ងាយពីយើង”ទេ(កិច្ចការ ១៧:២៧)។ នេះជាការពិតមែន សូម្បីតែនៅពេលដែលយើងមានអារម្មណ៍ថា ព្រះអង្គបានបោះបង់យើងក៏ដោយ។-Julie Ackerman Link
ការភ្លេចដ៏មានពរ
ខ្ញុំមានបន្ទប់ធ្វើការនៅជាន់ក្រោម តែជាញឹកញាប់ ខ្ញុំច្រើនតែឡើងទៅជាន់លើ ដើម្បីយករបស់របរនៅ។ គួរឲ្យស្តាយណាស់ ពេលខ្ញុំឡើងដល់លើ ខ្ញុំស្រាប់តែភ្លេចថា ខ្លួនឯងឡើងមកខាងលើធ្វើអ្វីទេ។ លោកគេព្រីល រ៉ាវ៉ានស្គី(Gabriel Radvansky) ដែលជាអ្នកស្រាវជ្រាវ មានការបកស្រាយមួយ អំពីបាតុភូតនេះ។ គាត់លើកឡើងថា ក្នុងបាតុភូតនេះ ច្រកទ្វាររបស់បន្ទប់នីមួយៗ នៅក្នុងផ្ទះ បានធ្វើជា “ព្រំដែន ដែលចែកខ័ណ្ឌព្រឹត្តិការណ៍ផ្សេងៗចេញពីគ្នា”។
បន្ទាប់ពីបានធ្វើការពិសោធន៍នៅបីកន្លែងខុសគ្នា គាត់ក៏បានបង្កើតទ្រឹស្តីមួយ ដោយសន្និដ្ឋានថា ពេលយើងដើរចូលតាមច្រកទ្វារ ខួរក្បាលក៏បានទទួលសញ្ញា ឲ្យប្រមូលពត៌មានដែលមានក្នុងការចងចាំនោះ ទៅដាក់ក្នុងថតនៃការចងចាំដាច់ដោយឡែកពីគ្នា។ តែខ្ញុំមានការនឿយណាយណាស់ ពេលដែលខ្ញុំចូលដល់បន្ទប់ខាងលើហើយ បែរជាត្រូវខំរកនឹកថា ខ្លួនឯងឡើងមកខាងលើដើម្បីអ្វី។
ទោះជាយ៉ាងណាក៏ដោយ ការភ្លេចច្រើន អាចជាព្រះពរ។ ពេលខ្ញុំបិទទ្វារបន្ទប់ ចូលគេងនៅពេលយប់ ខ្ញុំអាចគេងលក់ស្រួល បើសិនជាខ្ញុំភ្លេចរឿងរ៉ាវដែលបានកើតឡើងពីពេលថ្ងៃ ហើយខ្ញុំរាប់ការភ្លេចដូចនេះជាព្រះពរ។ ជាការពិតណាស់ ព្រះយេស៊ូវបានមានបន្ទូលថា ព្រះអង្គជា “ទ្វារចៀម”(យ៉ូហាន ១០:៧,៩)។ ពេលសត្វចៀមចូលក្នុងក្រោល គឺពួកវាបានចូលកន្លែងដែលមានសុវត្ថិភាព ដែលការពារមិនឲ្យចោរ និងសត្វសាហាវចូល។ សម្រាប់អ្នកជឿព្រះ អ្នកគង្វាលដ៏អស្ចារ្យនៃយើង ជាទ្វារដែលការពារយើងឲ្យរួចពីខ្មាំងសត្រូវដែលនៅខាងក្រៅ។ ពេលដែលយើងចូលទៅក្នុងក្រោលចៀម យើងអាច “បំភ្លេច” គ្រោះថ្នាក់ និងការគំរាមកំហែងទាំងអស់។ យើងអាចអរសប្បាយនឹងការដែលព្រះអង្គជួយឲ្យយើងបំភ្លេច និងសម្រាក ក្នុងការការពាររបស់អ្នកគង្វាលដ៏អស្ចារ្យ។-Julie…